ក្រោយរៀបចំពិធីមង្គលការប្អូនស្រីពៅយ៉ាងគគ្រឹកគគ្រេងហើយ តារាសម្ដែង ចន ច័ន្ទតារា ត្រូវជាប្អូនប្រុសទី៣របស់ អ្នកនាង ចន ច័ន្ទលក្ខិណា បានសារភាពថាខ្លួនមានម្ចាស់ចិត្តរួចស្រេចហើយ នៅឡើយចាំតែថ្ងៃប្រកាសឲ្យចាស់ទុំញាតិមិត្តដឹងឮ និងចូលរោងជ័យប៉ុណ្ណោះ។
ត្បិតប្អូនពៅរៀបការសាងគ្រួសារមុនខ្លួន តែ ចន ច័ន្ទតារា បញ្ជាក់ថា វាមិនមែនជាបញ្ហាធំដុំឡើយ ព្រោះលោកជាកូនប្រុស ដូច្នេះពន្យារយូរបន្តិចក៏មិនអីដែរ ម្យ៉ាងក្នុងនាមជាបង លោកមានភារៈជួយមើលខុសត្រូវរៀបចំទុកដាក់អនាគតប្អូន ហើយការងារសព្វថ្ងៃក៏មមាញឹកណាស់ដែរ។
លោក តារា បានឲ្យដឹងថា តាមពិតខ្លួនមានម្ចាស់ចិត្តម្នាក់ដែលទាក់ទងគ្នាយូរហើយ តែមិនសូវបានជួបមុខ ព្រោះគេអាណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក។
"សម្រាប់គម្រោងមានគ្រួសារ ខ្ញុំគិតថាប្រហែល៣ឆ្នាំទៀត។ តាមពិតទៅ ខ្ញុំមានអ្នកដែលនឹងយកជាគូអនាគតហើយ តែយើងនៅឆ្ងាយពីគ្នា យើងបានត្រឹមទាក់ទងគ្នាតាម Video Call និងការនិយាយទូរស័ព្ទជាដើម"។ លោករៀបរាប់។
ដោយសុំលាក់ឈ្មោះសិន លោកបានបង្ហើបខ្លីៗពីសាវតារបស់គូស្នេហ៍ថា ជាកូនខ្មែរដែលទៅរស់នៅ និងក្រេបជញ្ជក់យកចំណេះដឹងនៅអាមេរិកតាំងពីតូច។ សព្វថ្ងៃគេមានរបរជាម្ចាស់ហាងអាហារសម្រន់លក្ខណៈប៊ឺហ្គឺ និងភ្លៅមាន់។
ចន ច័ន្ទតារា រំលេចថា ចំណុចពិសេសដែលទាក់ចិត្តលោកឲ្យធ្លាក់ក្នុងអន្លង់ស្នេហ៍អស់រយៈពេលជាង៥ឆ្នាំនេះ ព្រោះគេជាមនុស្សម្នាក់ដែលយល់ពីលោកគ្រប់យ៉ាង និងតែងតែបារម្ភពីលោក និងគ្រួសារ ហើយតែងតែសួរសុខទុក្ខម្ដាយលោកមិនលស់ពេលណាឡើយ៕ប្រភពមកពីhttp://news.sabay.com.kh/article/1009888#utm_campaign=onpage
0 comments:
Post a Comment