Monday, January 22, 2018

សាលា​សិល្បៈ​ហ្វូណន ​បើ​បង្រៀន​ជំនាញ​សិល្បៈ ឥតគិត​ថ្លៃ៣ខែ​ នៅ​ទីតាំង​ថ្មី

សាលា​សិល្បៈ​ហ្វូណន ពេល​​នេះ​បាន​ប្ដូរ​ទីតាំង​ថ្មី​ហើយ ដោយ​ក្នុង​​ថ្ងៃ​បើក​ឲ្យ​ដំណើរ​ការ​នៃ​ទីតាំង​ថ្មី​នោះ ស្ថាបនិក​នៃ​សាលា​សិល្បៈ​បុរាណ​មួយ​នេះ បាន​ប្រកាស​ថា នឹង​បង្រៀន​ជំនាញ​សិល្បៈជា​ច្រើន​ទម្រង់ ដោយ​មិន​គិត​ថ្លៃ ចំនួន​៣ខែ។

ទីតាំង​ថ្មី​ដែល​សាលា​សិល្បៈ​ហ្វូណន​បើក​នោះ គឺ​​ស្ថិត​នៅ​លើ​​​ដំបូល​អគារ​មជ្ឈមណ្ឌល​សិល្បៈ​ និង​សិប្បកម្ម​វត្ត​ភ្នំ ដែល​​ដំបូង​ឡើយ​សាលា​មួយ​នេះ ស្ថិត​នៅ​ឯសាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ហៅ សាលា​រចនា​។ មូលហេតុ​ដែល​នាំ​ឲ្យសាលា​សិល្បៈ​ហ្វូណន សម្រេច​ប្ដូរ​ទីតាំង​​ថ្មីនេះ លោកស្រី លីម បុប្ផា ស្ថាបនិក​នៃ​សាលា​​មួយ​នេះ​បញ្ជាក់​ឲ្យ​ដឹង​ថា ក៏​ព្រោះ​តែ​ទីតាំង​ចាស់​​នៅ​ឯ​សាលា​រចនា គ្មាន​ទីតាំង​ដើម្បីបន្ត​សកម្មភាព គួប​ផ្សំ​ លោក ជំទាវ  ញ៉ែម មរកត ប្រធាន​មជ្ឈមណ្ឌល​សិល្បៈ ​និង​សិប្បកម្ម​វត្ត​ភ្នំ ឃើញ​ពី​ការ​លំបាក ហើយ​មាន​ចិត្តជួយ​អភិរក្ស​ និង​លើក​ស្ទួយ​ដល់សិល្បៈ​វប្បធម៌​ជាតិ​ផង​នោះ ទើប​លោក​ជំទាវ​បាន​អនុញ្ញាត​​ឲ្យសាស្ត្រាចារ្យ​នៃ​សាលា​សិល្បៈ​ហ្វូណន នាំ​សិស្ស​ទាំង​អស់​មក​បង្រៀន​លើទីតាំង​អគារ​លោក​ជំទាវ​ផ្ទាល់​តែ​ម្ដង។ 

នៅ​ពេល​ដែល​ទទួល​បាន​ទីតាំង​ថ្មី មាន​លក្ខណៈ​ធំ​ទូលាយ ហើយ​ជា​កន្លែង​ប្រមូល​ផ្ដុំ​​ភ្ញៀវ​ទេសចរណ៍​ជាតិ​ និង​អន្តរជាតិ​ជា​ច្រើន​ផង​នោះ តាង​នាម​ឲ្យ​​សាលា​ទាំង​មូល លោកស្រី លីម បុប្ផា រួម​​ទាំង​លោក​គ្រូ​អ្នក​គ្រូ​គ្រប់​រូប បាន​សម្ដែង​ការ​ត្រេកអរ​ជា​ខ្លាំង និង​​ប្ដេជ្ញា​ថា នឹង​​ខិត​ខំ​បង្រៀន​​ដល់​សិស្សានុសិស្សឲ្យ​បាន​​ល្អ​ប្រសើរ ដើម្បី​ផ្ទេរ​ជំនាញ​សិល្បៈ​​ទាំង​នោះ​ទៅ​ក្មេង​ជំនាញ​ក្រោយ។

តាម​ការ​លើក​ឡើង​របស់​លោកស្រី លីម បុប្ផា សាលា​សិល្បៈ​ហ្វូណន មាន​បង្រៀន​សិល្បៈ​​ខ្មែរ​បុរាណ​ជា​ច្រើន​ទម្រង់​មាន ភ្លេង​​​ ខ្លុយ របាំ និង​ការ​ស្លៀកពាក់​ជា​ដើម។ សាលា​មួយ​នេះ​បាន​ដំណើរ​ការ​តាំង​ពី​ឆ្នាំ ២០១០ បង្រៀន​ដោយ​សាស្ត្រាចារ្យ​ជំនាញ​មក​ពី​សាលា​វិចិត្រសិល្ប​តែ​ម្ដង។ បច្ចុប្បន្ន​មាន​សិស្ស​ជាង​៥០នាក់​ហើយ ដោយ​ការ​បង្រៀនធ្វើ​ឡើងនៅ​ថ្ងៃ​អាទិត្យ ពី​ម៉ោង​៨ ឮ​ព្រឹក ដល់ ម៉ោង ១១ ព្រឹក ។
ដូច​បាន​រៀបរាប់​ខាង​លើ សិស្ស​ដែល​មាន​​បំណង​ចង់​រៀន​​ជំនាញ​សិល្បៈដូច​រៀបរាប់​​ខាង​លើ មិន​ថា ​ខ្មែរ ​ឬ​ជន​បរទេស​​នោះ​​ទេ អាច​​ទាក់​ទងមក​សាលា​សិល្បៈ​ហ្វូណន សាលា​នៅ​ចាំ​ស្វាគមន៍​ជា​និច្ច៕ប្រភពមកពីhttp://news.sabay.com.kh/article/1009963#utm_campaign=onpage

0 comments:

Post a Comment